(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៩៖៥០យប់ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលមួយថ្ងៃចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន។

ដោយសាររាជធានីភ្នំពេញ ស្ថិតក្នុងពេលបិទខ្ទប់ និងដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នោះ ដំណើរអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន មិនមានការទទួលដំណើរពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ដូចសព្វដងនោះឡើយ។

ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ជាមួយនឹងការអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនេះ ទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូតម្រូវឱ្យយកសំណាក ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ។

កិច្ចប្រជុំកំពូលពិសេសរបស់អាស៊ានត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ ខណៈមីយ៉ាន់ម៉ា ចូលរួមដោយលោក មីង អោងឡាំង មេយោធាមីយ៉ាន់ម៉ា ដោយឡែកប្រទេសថៃ ហ្វីលីពិន និងឡាវ ចាត់ត្រឹមអ្នកតំណាងប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំដែលជាជំនួបដោយផ្ទាល់ជាលើកដំបូងរបស់មេដឹកនាំអាស៊ានតាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ មេដឹកនាំអាស៊ានបានពិភាក្សាផ្តោតជាសំខាន់ទៅលើការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខ ក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិ សម្រាប់ការចាត់តាំងក្រុមការងារជាន់ខ្ពស់ ដើម្បីរៀបចំទស្សនវិស័យ សមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:អាស៊ានបន្តខិតខំអនុវត្តឲ្យបានពេញលេញនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។

ពាក់ព័ន្ធការរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់វិញ សម្តេចតេជោ បានគូសរំលេចថា ការរក្សាសាមគ្គីភាព នឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ាន មានសារ:សំខាន់ស្លាប់រស់។ ពុំនោះទេការកសាងសហគមន៍អាស៊ាន មិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរ អាស៊ានត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាព ក្នុងក្របខណ្ឌស្តារឡើងវិញ នូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework)។

ដោយឡែកលើការលើកកម្ពស់ទំនាក់ទំនងអាស៊ាន ជាមួយដៃគូខាងក្រៅ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅ ព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់។ ជាពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំដំឡើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ាន ក្នុងនោះរួមមានពីចិន អាស្រ្តាលី និងអង់គ្លេស។

ក្នុងកិច្ចប្រជុំកំពូលពិសេសនេះ ក៏បានលើកឡើងពីវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ ពាក់ព័ន្ធស្ថានការណ៍របស់មីយ៉ាន់ម៉ានេះ មេដឹកនាំអាស៊ាន បានឈានទៅទៅសម្រេចបាននូវចំណុចរួមគួរឲ្យកត់សម្គាល់ អំពីជំហានដ៏មានសារសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង ដើម្បីអាចមានកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះ ទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរ តាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។

ប្រមុខដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីសារ:សំខាន់នៃការស្តារឡើងវិញ ឲ្យបានឆាប់នូវបរិយាកាសស្ថេរភាព នៅប្រទេសមីយ៉ាន់ម៉ារ ដើម្បីសុខុមាលភាពរបស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

សម្តេចតេជោលើកឡើងទៀតថា ក្នុងនាមជាគ្រួសារអាស៊ានតែមួយ កម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ារ ដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគស្មាញគួរឲ្យព្រួយបារម្ភ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កាលពីថ្ងៃទី១ ខែកុម្ភៈ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២ ខែមីនា ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «កម្ពុជាគាំទ្រដល់តួនាទីសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ដែលអាចដើរតួនាទីជាបេសកជនពិសេសរបស់អាស៊ាន ក្នុងការបង្កើតបរិយាកាសអនុគ្រោះ ដើម្បីជំរុញឲ្យមានការចរចាប្រកបដោយលក្ខណ:ស្ថាបនា ដើម្បីជួយមីយ៉ាន់ម៉ារដោះស្រាយវិបត្តិ និងទប់ស្កាត់កុំឲ្យស្ថានការណ៍ធ្លាក់កាន់តែដុនដាប ពោលគឺយើងអាចពិចារណាប្រើយន្តការអាស៊ានត្រីភាគី (ASEAN Troika) ដើម្បីជួយសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការចរចាដោយស្ងាត់ៗ រវាងភាគីពាក់ព័ន្ធ»

សម្តេចតេជោបន្តថា «បើមានការជួយសម្របសម្រួល នោះភាគីដែលកំពុងប្រឈមមុខដាក់គ្នា អាចងាកមករកការដោះស្រាយដោយសន្តិវិធីវិញ ពោលគឺគ្មានភាគីណាចង់ឃើញការបង្ហូរឈាម និងបាត់បង់ជីវិតប្រជាជននោះទេ»

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរផងដែរថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ។ ក្នុងតួនាទី និងតាមទម្រង់ណាមួយ ដែលអាចធ្វើទៅបាន អនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រ Facebook ពេលចាកចេញពីឥណ្ឌូនេស៊ីថា សម្តេចរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។

ក្រៅតែពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្ត្រីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារសំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជម្នះលើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។ មេដឹកនាំទាំងពីរ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកមរណទុក្ខចំពោះមរណភាព របស់ប្រជាពលរដ្ឋដោយជំងឹរាតត្បាតនេះផងដែរ៕