(ព្រៃវែង)៖ អាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញកម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ត្រូវបានមន្ត្រីសុខាភិបាល ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។

លោក ហុី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា កម្មការិនីដែលរកឃើញមានវិជ្ជមានកូវីដ១៩នេះ មានឈ្មោះ ស៊ន សៀង អាយុ៣៧ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បម្រើការងារនៅរោងចក្រទី១៦ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG បានជិះរថយន្តជាមួយនឹងកម្មការិនី ឈ្មោះ ឌឿន ចាន់ធា ដែលបានឆ្លងជំងឺកូវីដ-១៩ កាលនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ និងត្រូវបានអាជ្ញាធរស្រុកពារាំង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងយកសំណាកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលប្រមាណជិត ១០០នាក់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩៕