(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀង បានពិន័យអន្តរការណ៍លើបុរសម្នាក់ចំនួន ២លានរៀល ដោយសារល្មើសនឹងបំរាមឆ្លងខេត្ត នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

បុរសរូបនេះឈ្មោះ គង់ ឡុង បានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសានេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណីផាកពិន័យអន្តការណ៍ចំពោះបុគ្គល មិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្ត នៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ និងបានពិន័យបុរសខាងលើ ចំនួន ២លានរៀល។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១០ មានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» ដោយកំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។

បើតាមមាត្រាដដែល, ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕