(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យតាមគោលដៅប៉ុស្តិ៍ត្រួតពិនិត្យនានា ក្នុងខេត្ត ដើម្បីពង្រឹងការបិទខ្ទប់ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្ត ជាបណ្តោះអាសន្ន សម្រាប់រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅដល់សហគមន៍។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឱ្យដឹងថា ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងសារាចរណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ កងកម្លាំងទាំងអស់ ត្រូវមានវិធានការរដ្ឋបាល ចំពោះបុគ្គលល្មើសទាំងឡាយណា ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើឱ្យរាំងស្ទះដល់ការអនុវត្តន៍បទបញ្ជាជាពិសេសលួចធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានា ដើម្បីបង្វែងដានអាជ្ញាធរមានសមត្ថកិច្ច ដែលអាចនាំមកនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់សហគមន៍។

លោកអភិបាលខេត្តពោធិ៍សាត់ បានបន្ថែមថា ចំពោះការធ្វើដំណើរត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ។ល។ ដែលមានបេសកកម្ម បណ្ណអនុញ្ញាត ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនោះការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ក៏ត្រូវមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

លោក ម៉ៅ ធនិន សង្ឃឹមនឹងជឿជាក់ថា កងកម្លាំងទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមស្មារតីសេចក្តីណែនាំលេខ ៧៨៣/២១ សណន.ខពស ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គោលដៅដែលខេត្តពោធិ៍សាត់ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៨សំខាន់ៗរួមមាន៖

*ទី១៖ ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង
*ទី២៖ ស្រុកវាលវែង ០៤គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង
*ទី៣៖ ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
*និងទី៤៖ ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង៕