(ភ្នំពេញ)៖ នៅក្នុងជំនួបផ្ទាល់ជាលើកដំបូង ដែលធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំនួបជាលើកដំបូងនោះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។ ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅ អនាគត។

នៅក្នុងជំនួបពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភថវិកា និងម៉ាស់ដ៏ច្រើន ដើម្បីជួយដល់កម្ពុជា ក្នុងគ្រាដ៏លំបាកនេះ។

សម្តេចតេជោសង្កត់ធ្ងន់ថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានឆ្លងមិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ទេ ប៉ុន្តែពេលនេះកម្ពុជាមានអ្នកគួរឱ្យព្រួយបារម្ភបំផុត និងមានអ្នកស្លាប់ដ៏ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជម្នះដោះស្រាយនូវជំនឿ ដ៏កាចសាហាវនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវការសោកស្ដាយបំផុត ចំពោះការកើតរីករាលដាលនៃជំងឺដ៏កាចសាហាវបំផុត នៅក្នុងប្រទេសកម្ពុជា នាពេលនេះ និងជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវនោះ ក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី និង លោកនាយករដ្ឋមន្ត្រីវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះមេដឹកនាំឥណ្ឌូណេស៊ី និងវៀតណាម ចំពោះការគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣ផងដែរ៕