(ភ្នំពេញ)៖ យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានប្រើប្រាស់កម្លាំងក្នុងការរៀបចំដឹកជញ្ជូនអង្ករ ៦០០តោន និគ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែបិទខ្ទប់ នៅក្នុងខេត្តមួយនេះទាំងមូលផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានមួយផ្នែកទៀត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រី ។ល។ យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហម និងទីតាំងមួយចំនួនទៀត ដែលកំពុងតែត្រូវបានបិទខ្ទប់ និងកន្លែងធ្វើចត្តឡីស័ក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដោយមានការចូលរួមពីអ្នកញ៉ា ទ្រី ភាព ផងដែរ។

ក្រៅពីការបញ្ចេញកម្លាំងដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និងនៅខេត្តព្រះសីហនុ, កម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ក៏បានប្រើប្រាស់ក្នុងការរៀបចំ ដឹកជញ្ជូន គ្រឿង ឧបភោគបរិភោគ មានអង្ករ មី ត្រីខ ។ល។ យកទៅប្រគេនវត្តទាំង១៤២វត្ត ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងតំបន់មួយចំនួនទៀតផងដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកជំទាវ ហ៊ុន ម៉ាណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន។

ដោយឡែក កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត បានកំពុងតែជួយរៀបចំ គ្រែ និងសម្ភារផ្សេងទៀត នៅកន្លែងធ្វើចត្តឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតចាស់គល់ស្ពានជ្រោយចង្វារផងដែរ៕