(កណ្ដាល)៖ កម្មការិនីរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៩៧នាក់ បន្ថែមទៀត បូកទាំងម្សិលមិញចំនួន ២១នាក់ទៀត សរុប២១៨នាក់ ក្រោយធ្វើតេស្តដោយម៉ាស៊ីនទំនើប Rapid Test នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

នេះបើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៤ ខែមេសានេះ។

លោក គួយ ប៊ុនធឿន បានអះអាងថា បន្ទាប់ពីធ្វើតេស្តចំពោះកម្មករ-កម្មការិនី រយៈពេល២ថ្ងៃមកនេះ ចំនួនកម្មករ-កម្មការិនីត្រូវធ្វើតេស្តមានចំនួន១,០១៣នាក់ ហើយជាលទ្ធផលថ្ងៃនេះ រកឃើញមនុស្សចំនួន ១៩៧នាក់ ឆ្លងមេរោគកូវីដ១៩។ ប៉ុន្តែនេះគ្រាន់តែជាលទ្ធផលបឋមប៉ុណ្ណោះ រង់ចាំការធ្វើតេស្តសុក្រិតនៅឯវិទ្យាស្ថានសុខភាពសាធារណៈមួយជំហ៊ានទៀត ទើបអាចយកជាការបាន១០០%។

បើតាមការអះអាងរបស់លោក គួយ ប៊ុនធឿន ថ្ងៃនេះ ក្រុមការងារកបានយកសំណាករោងចក្រមួយទៀតឈ្មោះ ប៉ូវ ឃើ ប្រមាណជាង២០០នាក់ ដែលមានចម្ងាយពីគ្នាប្រមាណមួយគីឡូម៉ែត្រ ខណៈដែលកម្មការិនី សរុបទាំងអស់ចំនួនជាង ៣,០០០នាក់ នឹងត្រូវយកសំណាកបន្តបន្ទាប់ផងដែរ។

លោកបន្តទៀតថា ការមកយកសំណាកនេះ ក៏ព្រោះតែកម្មការិនីទាំងអស់គ្នា មានការជិះឡានឡូកឡុំគ្នាជាមួយអ្នកឆ្លងជំងឺកូវីដ ហើយរោងចក្រជាបន្តបន្ទាប់ទៀតចំនួន៦ ក៏មានការជាប់ពាក់ព័ន្ធផងដែរ ដែលតម្រូវឲ្យក្រុមការងារយកជាបន្តបន្ទាប់។ ភ្លាមៗនោះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះមកទាំងយប់តែម្ដងដើម្បីធ្វើការពិនិត្យ និងបញ្ជាឲ្យបិទរោងចក្រនេះបន្ទាន់ ព្រមទាំងរៀបចំឲ្យធ្វើចត្តាឡីស័កសំរាប់ពួកគាត់បានសមរម្យផងដែរ ៕