(ហ្សាកាតា-ឥណ្ឌូនេស៊ី)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវរួចមក នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួបពិភាក្សាគ្នានេះ មេដឹកនាំនៃប្រទេសទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងអំណរគុណគ្នាចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្ត្រីការទូត និងប្រជាជនដែលរស់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ហើយបានយល់ស្របអំពីសារសំខាន់ពីទំនាក់ទំនងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដោយជឿជាក់ថា ប្រទេសទាំងពីរនឹងយកជ័យជម្នះលើវិបត្តិសុខភាពនេះ ហើយនឹងរីកចម្រើនលឿនរហ័សដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតី បានស្របមតិគ្នាដុះវិញសារសំខាន់ ក្នុងការរក្សាឱ្យបានសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន ព្រមទាំងបានអះអាងសារជាថ្មីនូវឆន្ទៈក្នុងការធ្វើការរួមគ្នា សំដៅដោះស្រាយ បញ្ហាប្រឈមទាំងឡាយក្នុងតំបន់។

នៅក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល ពិសេសក្រុមគ្រួសារសពនៃកងម៉ារីន របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ដែលបានជួបនូវឧបទ្ទវហេតុលិចនាវាមុចទឹកក្នុងលំហសមុទ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកប្រធានាធិបតី ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដែលកាលពីជាងមួយឆ្នាំមុន កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែប្រមាណមិនដល់៥០០នាក់ បច្ចុប្បន្នមានការកើនឡើងដ៏គួរឱ្យព្រួយបារម្ភបំផុត និងរហូតមានអ្នកបាត់បង់ជីវិតដ៏ច្រើនផងដែរ។

លោកប្រធានាធិបតីបាន ចូលរួមសោកស្ដាយផងដែរ ជាមួយនឹងរីករាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងបានអរគុណសម្តេច ដែលបានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាល និងក្រុមគ្រួសារទាហានម៉ារីនជើងទឹក ដែលបានពលីជីវិតនៅក្នុងឧបទ្ទវហេតុលិចនាវាមុជទឹក ក្នុងលំហសមុទ្រ៕