(ភ្នំពេញ)៖ ដើម្បីងាយស្រួលសំរាប់អតីតយុទ្ធជនដែលរស់នៅតាមខណ្ឌនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២, ក្រសួងការពារជាតិ បានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ សំរាប់ចាក់ជូនអតីតយុទ្ធជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅ១៤ទីតាំង។

លោកឧត្តមសេនីយ៍ឯក ស ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ Sinovac នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ទី២៦ ខែមេសាឆ្នាំ២០២១ ក្នុងបណ្តាទីតាំងចំនួន១៤ ក្នុងរាជធានីភ្នំពេញ ចំណុះកងយោធពលខេមរភូមិន្ទ។

ក្នុងនោះក៏មានទីតាំងចំនួន៨ ដែលរៀបចំដោយកងពលតូចលេខ៧០ រួមមាន៖

*ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
*ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
*ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
*ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
*ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង
*ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ
*ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២
*ខណ្ឌដង្កោ អនុវិទ្យាល័យហ៊ុន សែន ព្រៃវែង។

គួររំលឹកដែរថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនអតីតយុទ្ធជន យោធិននិងគ្រួសារយោធិននេះ គឺក្នុងគ្រាដែលប្រទេសកម្ពុជាបានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕