(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថា ឈ្មោះ ងិន ស៊ីថា ភេទប្រុស អាយុ៦៥ឆ្នាំ អាសយដ្ឋាននៅភូមិស្រែសៀម ឃុំជីរោរ៍ទី២ ស្រុកត្បូងឃ្មុំ ដែលបានស្លាប់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០និង២៣នាទីទៀបភ្លឺ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ មិនមែនដោយជំងឺកូវីដ-១៩ទេ។

រដ្ឋបាលខេត្តបានបន្តថា ឈ្មោះ ងិន ស៊ីថា បានគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បណ្តាលឱ្យប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។ បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ (អតីតមន្ទីរពេទ្យ លោកសង្ឃ) នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រយៈពេល៧ថ្ងៃ លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសារបាននាំអ្នកជំងឺវិលត្រឡប់មកលំនៅដ្ឋានវិញ តាមផ្លូវជាតិលេខ៨អា មកដល់រង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានធ្វើដំណើរតាមផ្លូវជាតិលេខ១១ កាត់តាមស្រកអូររាំងឪ មកលំនៅដ្ឋានភូមិ ស្រែសៀម ឃុំជីរោរ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំវិញ លុះមកដល់ព្រំប្រទល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចដែលឈរជើងត្រួតពិនិត្យការឆ្លងកាត់ព្រំប្រទល់ខេត្ត បានឃាត់ និងបញ្ជូនគាត់តាមរថយន្តរបស់មន្ទីរពេទ្យបង្អែកអូររាំងឪ ទៅព្យាបាលបន្តនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែក ព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។

បន្ទាប់មកអ្នកជំងឺបានទទួលមរណៈភាពកាលពីវេលាម៉ោង ០០និង២៣នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ដើម្បីបញ្ជាក់ក្នុងការសម្រេចរបស់មន្ត្រីសុខាភិបាល ក្នុងការបូជាសព ឬការធ្វើបុណ្យតាមប្រពៃណីខ្មែរនោះ មន្ត្រីសុខាភិបាលបានធ្វើតេស្ករហ័សកូវីដ-១៩ លទ្ធផលបានបញ្ជាក់ថា វិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យអ្នកជំងឺ ងិន ស៊ីថា បានស្លាប់ដោយសារការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍៕