(ភ្នំពេញ)៖ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងនៅតែបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ដល់បុគ្គលិក មន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងសាធារណការ និងប្រជាពលរដ្ឋក្នុងពីខណ្ឌឬស្សីកែវ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្តថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២នេះ ក្រសួងចាប់ផ្តើមបើកដំណើរការ ពេលព្រឹកចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១១៖០០ និងពេលរសៀលចាប់ពីម៉ោង ២៖០០ ដល់ម៉ោង៤៖ ៣០ល្ងាច។ ក្នុងនោះចាប់គិតពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សរុបទាំងអស់សម្រេចបានចំនួន ៣,១៨៣នាក់ បុគ្គលិកមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងសរុបចំនួន ១១០២នាក់ ស្មើនឹង៣៤.៦២% និងប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ សរុបបានចំនួន ២,០៨១នាក់ ស្មើនឹង ៦៥.៣៨%។

អ្នកនាំពាក្យវ័យក្មេង លោក ហ៊ាង សុទ្ធាយុត្តិ តំណាងឱ្យក្រសួងសាធារណការ ក៏ដូចជាអនុគណៈកម្មការ ក៏បានអំពាវនាវដល់អ្នកដែលបានទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ សូមមេត្តាបន្តអនុវត្តវិធានសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រ កន្លះឡើងទៅ) និងបីកុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីបិទបញ្ចប់ ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ និងនាំមកនូវប្រប្រតីភាពឡើងវិញផងដែរ។

សូមបញ្ជាក់ដែរថា ដោយមានការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាឱ្យបាននូវការបញ្ចៀសហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរៀបចំសណ្ដាប់ធ្នាប់ និងរក្សាគម្លាតសុវត្ថិភាព បានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះចំពោះបុគ្គលិក មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលទៅចាក់ថ្នាំវ៉ាក់សាំង គឺបានតម្រូវឲ្យអនុវត្តការលាងដៃ បាញ់អាកុល វាស់កំដៅ រក្សាអនាម័យមុន នឹងអនុញ្ញាតឱ្យចូលទីតាំងផ្តល់វ៉ាក់សាំងផងដែរ៕