(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងថា ប្រសិនបើមានអ្នកចាក់វ៉ាក់សាំងដូសទី១រួចហើយ មិនបានអនុវត្តវិធានការការពារបានត្រឹមត្រូវ បណ្តាលឱ្យឆ្លងជំងឺកូវីដ១៩នោះ មិនមានតម្រូវការចាំចាច់ក្នុងការចាក់វ៉ាក់សាំងលើកទី២ទៀតនោះទេ ក្រោយព្យាបាលជាក៏ដោយ ព្រោះសរីរាង្គក្នុងខ្លួនបានបង្កើតកងការពាររួចហើយ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូចនេះថា «អ្នកដែលចេញពីធ្វើចក្តាឡីស័ក ប្រសិនបើលោកអ្នកមានលទ្ធផលអវិជ្ជមាន សុំអញ្ជើញមកចាក់វ៉ាក់សាំង តែប្រសិន បើលោកអ្នកមានលទ្ធផលវិជ្ជមាន សូមកុំអញ្ជើញមកអីអត់ត្រូវទេ ប្រសិនបើមានលទ្ធផលវិជ្ជមាន គឺដាច់ខាតត្រូវអញ្ជើញទៅទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ហើយក្រោយពីការព្យាបាល មានការជាសះស្បើយហើយ ក៏អត់មានតម្រូវការអីសម្រាប់លោកអ្នកក្នុងការចាក់វ៉ាក់សាំងទៀតដែរ ពីព្រោះក្រោយពីឈឺទៅយើងជា ក្រោយពីជាទៅសរីរាង្គរបស់យើងគឺមានបង្កើតនូវកងការពាររួចទៅហើយ ដូច្នេះអត់មានភាពចាំបាច់អីដែលបងប្អូនត្រូវមកចាក់ដូសលើកទី២នោះទេ»

លោកស្រី ឱ វណ្ណឌីន បានបន្តថា ការចាក់វ៉ាក់សាំងនេះ មិនចាក់ទៅអាចការពារមិនឱ្យឆ្លងនោះទេ ការចាក់វ៉ាក់សាំងរួច ប្រសិនមិនអនុវត្តវិធានការការពារបានត្រឹមត្រូវនោះទេ គឺនៅតែអាចឆ្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតដដែល តែអ្វីដែលជាផលប្រយោជន៍នៃការចាក់វ៉ាក់សាំងនោះ គឺវ៉ាក់សាំងបានជួយទៅដល់សរីរាង្គខាងក្នុង ការពារការវាយលុករបស់វីរុសកូវីដ១៩ ដោយមិនធ្វើឱ្យយើងមានសភាពធ្ងន់ធ្ងរ និងអាចកាត់បន្ថយបាននូវអត្រាចូលសម្រាកក្នុងមន្ទីពេទ្យ ឬអាចជួយកាត់បន្ថយ អត្រាស្លាប់បានច្រើនផងដែរ។

លោកស្រីអ្នកនាំពាក្យរូបនេះបានបន្តថា បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី១ហើយភ្លាម ក៏វ៉ាក់សាំងមិនអាចមានប្រសិទ្ធភាពភ្លាមៗនោះទេ គឺវាត្រូវការពេលវេលា និងអ្វីដែលសំខាន់នោះគឺត្រូវការដូសទី២ ដើម្បីជួយរុញច្រានការបង្កើតកងការពារឱ្យមានគ្រប់លក្ខណៈ ហើយក្នុងនោះដែរការចាក់ដូសទី២ ក៏ត្រូវតែចាក់ឱ្យបានត្រឹមត្រូវ តាមពេលវេលាផងដែរ ប្រសិនប្រើពេលរឹតតែយូរបន្តិច គឺការបង្កើតកងការពាររឹតតែល្អប្រសើរ ប៉ុន្តែត្រូវស្ថិតនៅក្នុងការកំណត់មួយច្បាស់លាស់ផងដែរ៕