(កំពង់ចាម)៖ ជនជាតិចិនចំនួន៥នាក់ ដែលលួចធ្វើដំណើរឆ្លងកាត់ខេត្តដោយខុសច្បាប់ តាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តកំពង់ចាម ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ជនជាតិចិនទាំង៥នាក់នេះ ក្រោយចាប់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបញ្ជូនទៅយកសំណាកភ្លាមៗ និងតម្រូវឲ្យធ្វើចត្ដាឡីស័ក តាមវិធានសុខាភិបាល ទើបបន្ដនីតិវិធីតាមក្រោយ។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបិទខ្ទប់មិនឲ្យធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

តាមចម្លើយសារភាពជំហ៊ានដំបូង ជនជាតិចិនទាំង៥នាក់នោះ បានបញ្ជាក់ថា ពួកគេបានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី (មិនស្គាល់ស្លាកលេខ និងពណ៌រថយន្ត) ដែលរថយន្តនោះមិត្តភក្កិជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ជាអ្នករៀបចំឲ្យធ្វើដំណើរចេញពីភ្នំពេញ វេលាម៉ោងប្រហែល០១៖០០នាទីរំលងអាធ្រាត ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ហើយបានធ្វើដំណើរមកដល់ ចុះនៅស្តុបផ្សារព្រៃទទឹង នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៣ ខែមេសា ហើយបានដើររកទិញចំណីហូប។ បន្ទាប់មកក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកអ្នកទាំង៥នាក់ខាងលើ បានទៅសម្រាកនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណងនៃការធ្វើដំណើរនេះ ដើម្បីមកលេងមិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នារស់នៅខេត្តកំពង់ចាម។

ករណីនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយបានចាត់លោកគ្រូពេទ្យជំនាញ រៀបចំនិងបញ្ជូនជនជាតិចិនទាំង៥នាក់ខាងលើ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ចាម ទើបបន្ដនីតិវិធីតាមក្រោយ៕