(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ កិច្ចប្រជុំពិសេសរបស់មេដឹកនាំប្រទេសសមាជិកអាស៊ាន បានចាប់ផ្តើមហើយនៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរបស់អាស៊ាន រួមទាំងលោក អោង មីន ឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាផងដែរ។ តែនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា និងប្រធានាធិបតីហ្វីលីពិន លោក រ៉ូទ្រីហ្គោ ឌុយឌែតេ មិនបានអញ្ជើញចូលរួមនោះទេ គឺបានចាត់បញ្ជូនត្រឹមរដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប៉ុណ្ណោះ។

ក្រសួងការបរទេសកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីរួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ដោយឡែកសេចក្តីរាយការណ៍ព័ត៌មាននានា បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសរបស់មេដឹកនាំកំពូលរបស់អាស៊ាននាពេលនេះ នឹងពិភាក្សារកដំណោះស្រាយលើវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសរបស់មេដឹកនាំកំពូលអាស៊ាន ដែលធ្វើឡើងក្នុងស្ថានភាពលំបាកបង្កឡើងដោយរោគរាតត្បាតកូវីដ១៩នោះ គឺមានការយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យសុខភាព និងការអនុវត្តវិធានាការនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

កិច្ចប្រជុំពិសេសនេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ដោយឡែកលទ្ធផលនៃការជជែកនេះ ជាពិសេសដំណោះស្រាយលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា គេមិនទាន់ដឹងថា នឹងសម្រេចលទ្ធផលយ៉ាងណានៅឡើយនោះទេ? តែទោះជាយ៉ាងណាប្រជាជាតិអាស៊ាន ចង់ឃើញអាស៊ាន អាចផ្តល់វិភាគទានទស្សនៈ ដើម្បីដោះស្រាយវិបត្តិនយោបាយ និងអំពើហិង្សារយៈពេលជាង ២ខែមកហើយនោះ ក្នុងប្រទេសសមាជិកមួយនេះ៕