(ភ្នំពេញ)៖ រយៈពេល៩ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-២៣ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័ត និងស្ដង់របស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន១,២៤១បាវ និងមីជាតិ ចំនួន៤,៦២០កេស ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ក្រៅពីអង្ករ និងមី រយៈពេល៩ថ្ងៃនេះ ក្រសួងក៏បានលក់ទឹកត្រី បានសរុបចំនួន១,១៥៣យួរ, ទឹកស៊ីអ៊ីវ ចំនួន៧៨៥យួរ, ត្រីខ ចំនួន១,៦២៧យួរ, ទឹកសុទ្ធ ចំនួន១៤០យួរ, បន្លែ១១៥គីឡូក្រាម, ឆៃពៅ៣៥៦ថង់ និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន រហូតដល់ស្ថានការ បានធូរស្រាល។

សូមបញ្ជាក់ថា គោលដៅដែលក្រសួងពាណិជ្ជកម្មបានរៀបចំឡើង មានចំនួន១១ទីតាំងរួមមាន៖

* ខណ្ឌមានជ័យមាន៣ ទីតាំង៖

១៖ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១
២៖ ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១
៣៖ ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣

* ខណ្ឌពោធិ៍សែនជ័យមាន ៤ ទីតាំង៖

១៖ ទល់មុខ K-Mall ភូមិតំពាំងថ្លឹង២ សង្កាត់ចោមចៅ១
២៖ ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
៣៖ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
៤៖ ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១

* ខណ្ឌទួលគោក មាន១ទីតាំង៖ គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង

* ខណ្ឌសែនសុខ មាន៣ ទីតាំង៖

១៖ ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង
២៖ ផ្លូវចូលទល់មុខហ្គ្រេនភ្នំពេញ ភូមិសំរោង សង្កាត់ឈ្មួញ
៣៖ មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា៕