(ភ្នំពេញ)៖ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះថា ដំណើរការបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅបន្ដដំណើរការជាធម្មតា ទោះបីក្រុមហ៊ុននេះជួបញ្ហាបំណុលក្តី។

លោកថា អាជ្ញាធរមិនទាន់បានរបាយការណ៍ណាមួយ ពីក្រុមហ៊ុន KrisEnergy ជុំវិញបញ្ហាបំណុលនេះនៅឡើយ ហើយអាជ្ញាធរនៅតែតម្រូវឲ្យក្រុមហ៊ុន ធ្វើទៅតាមកិច្ចព្រមព្រៀង។

លោកបញ្ជាក់ថា «យើងរង់ចាំមើលការជូនដំណឹង ពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះ អ្វីដែលក្រុមហ៊ុនត្រូវបំពេញយើងនឹងទារ ឲ្យគាត់ផ្តល់ឲ្យតាមកិច្ចព្រមព្រៀង»

លោក ជៀប សួរ បានបញ្ជាក់ទៀតថា «ដំណើរការបូមប្រេង របស់ក្រុមហ៊ុន KrisEnergy ប្លុក A ក្នុងខេត្តព្រះសីហនុ នៅតែបន្ដដំណើរការធម្មតា។ ទាក់ទងរឿងកំណែទម្រង់រចនាសម្ព័ន្ធបំណុលរបស់ក្រុមហ៊ុន យើងគ្រាន់តែឃើញព័ត៌មានផ្សព្វផ្សាយ ប៉ុន្ដែទាក់ទងនឹងគម្រោងជាក់ស្ដែង ក្រុមហ៊ុន KrisEnergy នៅតែបំពេញការងារជាធម្មតា ដំណើរការធម្មតានៅឡើយ»

បើតាមការបញ្ជាក់របស់លោកអគ្គនាយក អណ្តូងចំនួន៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញ ប៉ុន្តែបិរមាណដែលទទួលបាន គឺមិនដូចការរំពឹងទុក។ ការរំពឹងទុកអណ្តូងទាំង ៥ នេះរំពឹងថា ទទួលបានប្រេងឆៅក្នុងបិរមាណ៧៥០០បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងបានត្រឹមតែជាង ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។

សូមជម្រាបថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលនេះសមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ។ ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕