(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារព្រែកលៀប ផ្សារព្រែកខ្វិត ផ្សារតាលីបាក់ខែង ផ្សារកសិផល ផ្សារដើមស្រល់ ផ្សារសាមគ្គីក្បាលកោះ ផ្សារម៉នសំណាង និងផ្សារក្រមួនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។

រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករទាំងអស់ឱ្យបានជ្រាបថា ស្ថានការណ៍នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់មានការថមថយនៅឡើយ ដែលស្ថានភាពនេះគួរឱ្យមានការព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារព្រែកលៀប ផ្សារព្រែកខ្វិត ផ្សារតាលីបាក់ខែង ផ្សារកសិផល ផ្សារដើមស្រល់ ផ្សារសាមគ្គីក្បាលកោះ ផ្សារម៉នសំណាង និងផ្សារក្រមួនទាំងអស់ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅដល់
បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារខាងលើ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ដទៃទៀត។

រដ្ឋបាលខណ្ឌជ្រោយចង្វារ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករនិងអតិថិជនទាំងអស់ ដែលចេញ-ចូលផ្សារខាងលើ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សាលារាជធានីភ្នំពេញ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្តោតសំខាន់ចំពោះអាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់៕