(កណ្ដាល)៖ នៅយប់នេះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បន្តរកឃើញប្រជាពលរដ្ឋស្រុកកៀនស្វាយ ចំនួន២០នាក់ទៀត មានវិជ្ជមានជំងឺកូវីដ១៩ ដែលពួកគាត់ជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងអាជីវករផ្សារដើមគរ ផ្សារនាគមាស និងអ្នកប្រមូលបន្លែបោះដុំតាមស្រុក។

រីឯមនុស្សជាប់ពាក់ព័ន្ធដោយប្រយោលជាង៥០០នាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករួចរាល់ហើយចំនួន៤មណ្ឌល នៃភូមិសាស្ត្រស្រុកកៀនស្វាយ និងបន្តយកសំណាក។

នេះបើតាមការឲ្យដឹងពីមន្ត្រីម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ប្រភពបន្តថា ថ្ងៃនេះក្រុមការងារអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ស្រុកកៀនស្វាយ ដឹកនាំដោយលោក អ៊ូ ឈាង អភិបាលស្រុក ទទួលបានមុខសញ្ញាជំងឺកូវីដ១៩ថ្មីៗ ចំនួន១៨នាក់។ រហូត
ដល់យប់ម៉ោង១៩៖៣០នាទី ក្រុមការងារធ្វើតេស្តបឋមរកឃើញ២នាក់ទៀត សរុប២០នាក់។ ដូច្នេះ សម្រាប់ស្រុកកៀនស្វាយ រកឃើញអ្នកឆ្លងសរុបទាំងអស់ចំនួន ៥៦នាក់ហើយ។

ប្រភពបានបន្តទៀតថា មនុស្សទាំង២០នាក់ ត្រូវបានយកទៅព្យាបាលនៅក្រុងតាខ្មៅ រួចរាល់ហើយ រីឯមនុស្សពាក់ព័ន្ធសរុបជជាង៥០០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅ៤មណ្ឌល ហើយមឹងបន្តយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីកំណត់ច្បាស់ថា មាននរណាកើតកូវីដ ឬគ្មាន។

ទន្ទឹមនឹងករណីនេះដែរ ផ្សារគគីរ ត្រូវបានអាជ្ញាធរបិទបណ្ដោះអាសន្តរួចហើយ ក្រោយរកឃើញអាជីវករមានផ្ទុកជំងឺកូវីដ១៩។ ដោយឡែកសំរាប់ផ្សារនានាក៏ត្រូវបានលោកអភិបាលស្រុកចាត់ចែងក្រុមការងាររឹតបន្តឹងលើវិធានការកាន់តែម៉ត់ចត់ជាងមុនផងដែរ។

គួរបញ្ជាក់ដែរថា ទើបតែម្សិលមិញ អភិបាលខេត្តកណ្ដាលបានចុះណែនាំ និងជម្រុញដល់អាជ្ញាធរស្រុកកៀនស្វាយត្រូវតែបន្តអនុវត្តន៍វិធានការណ៍កូវីដ១៩នេះឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីសាយភាពជំងឺកូវីដ១៩កាន់តែច្រើនឡើងៗ៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!

App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia