(ភ្នំពេញ)៖ បុគ្គលម្នាក់ដែលបង្ហោះសារតាមបណ្ដាញសង្គម Facebook ប្រមាថមើលងាយប៉ះពាល់ដល់កងកម្លាំង និងក្រុមគ្រូពេទ្យ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យដែលនគរបាលចាប់ខ្លួននេះ ឈ្មោះ សន សុទ្ធី បានផុសព័ត៌មានមានលក្ខណៈប្រមាទមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង និងគ្រូពេទ្យ ស្របពេលដែលប្រជាពលរដ្ឋជាទូទៅចូលរួមគាំទ្រ និងមានការអាណិតអាសូរដល់ការលះបង់ ព្រមទាំងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់សមត្ថកិច្ច និងគ្រូពេទ្យ ដើម្បីជួយសង្គ្រោះការពារប្រជាពលរដ្ឋ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបបញ្ហាឆ្លងរាលដាលវីរុសកូវីដ១៩។

បន្ទាប់ពីបានឃើញការផុសនៅ លើគណនីហ្វេសបុកមួយឈ្មោះ «Black Episode» ភ្លាមនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុគ្គលរូបនេះ ឲ្យចូលខ្លួនមកបំភ្លឺករណីបង្ហោះខ្លឹមសារមិនពិត ដែលបានចរិកប្រមាថមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការសាធារណៈ។

បុគ្គលរូបនេះឈ្មោះ សន សុទ្ធី អាយុ២៩ឆ្នាំ មុខរបរ YouTuber ដែលស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ១៨១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការណែនាំអប់រំធ្វើកិច្ចសន្យារួច ព្រមទាំងថតវីដេអូសុំទោសជាសាធារណៈ និងបានទទួលស្គាល់កំហុសរបស់ខ្លួនរួចរាល់ ទើបនៅយប់នេះ សមត្ថកិច្ចជំនាញក៏បានអនុញ្ញាតឲ្យបុគ្គលរូបនោះត្រឡប់ទៅផ្ទះវិញ៕