(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវដល់បងប្អូនអាជីវករ និងនិងអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅផ្សារក្រោម ខេត្តសៀមរាប មកយកសំណាកលើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប និងក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែក អាជីវករដែលជាប់ពាក់ព័ន្ធ
ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ុង ថៃលី ភេទប្រុស អាយុ២១ឆ្នាំ, ឈ្មោះ ជា គឹម ភេទស្រី អាយុ៥០ឆ្នាំ និងឈ្មោះ ស សុវណ្ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ បានមកយកសំណាកតេស្ដរកជំងឺកូវីដ-១៩ លើកទី១ ចំនួន១៤៧នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ ១៩ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានស្នើឲ្យអាជីវករ និងអ្នកពាក់ព័ន្ធដែលបានយកសំណាកលើកទី១ សូមអញ្ជើញទៅយកសំណាកតេស្តរកជំងកូដ-១៩ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកុំបីខាន។

រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់អ្នក ដែលធ្លាប់បានយកសំណាកហើយ និងអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារក្រោម ត្រូវបន្តការធ្វើចត្តាឡីស័ក ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ពីអ្នកដទៃឱ្យបានគ្រប់ចំនួន១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕