(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានណែឱ្យកម្លាំងឈរជើងទាំងអស់ មិនត្រឹមតែត្រួតពិនិត្យតាមផ្លូវជាតិនោះទេ ដោយខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានព្រំប្រទល់ខ័ណ្ឌដោយទន្លេស្រែពក ដូច្នេះ កម្លាំទាំងអស់ត្រូវសហការគ្នាធ្វើការយាមល្បាតត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតព្រោះខ្លាចប្រជាពលរដ្ឋលួចឆ្លងចេញ-ចូល ដើម្បីការពារជំងឺកូវីដ-១៩។

ការណែនាំបែបនេះ របស់អភិបាលខេត្តរតនគិរី បានធ្វើឡើងនៅក្នុងឱកាសលោកបានចុះត្រួតពិនិត្យកម្លាំងឈរជើងរឹតបន្តឹងការចេញចូលឆ្លងខេត្ត រវាងខេត្តរតនគិរី-មណ្ឌលគិរី ត្រង់ចំណុចអូរវាក់ឃុំជ័យឧត្តម ស្រុកលំផាត់ ដោយមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ការណែដល់កម្លាំងឈរជើង របស់លោកអភិបាលខេត្តរតនគិរីនេះ បន្ទាប់ពីខេត្តមណ្ឌលគិរី ដែលជាខេត្តជាប់ព្រំប្រទល់គ្នា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ជាស្រីមានឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ មានទីលំនៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះដែរ លោក ថង សាវុន បានណែនាំឱ្យកម្លាំងឈរជើងនៅទីនេះត្រូវអនុវត្តរយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រាល់រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរឆ្លងកាត់រវាងខេត្តរតនគិរី-មណ្ឌលគិរី (ផ្លូវជាតិលេខ៧៦) មិនត្រូវបានអនុញ្ញាតឱ្យចូលរតនគិរីឡើយ តែទំនិញអាចសាងត្រង់ចំណុចព្រំទល់ ប៉ុន្តែ រថយន្ត និងតៃកុងមិនអនុញ្ញាតឡើយ។

ជាងនេះទៅទៀត លោកអភិបាលខេត្ត «បានសុំឱ្យកម្លាំងឈរជើងទាំងអស់ មិនត្រឹមតែត្រួតពិនិត្យតាមផ្លូវជាតិនោះទេ ដោយខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានព្រំប្រទល់ខ័ណ្ឌដោយទន្លេស្រែពក ដូច្នេះ កម្លាំទាំងអស់ត្រូវសហការគ្នាធ្វើការយាមល្បាតត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតខ្លាចប្រជាពលរដ្ឋលួចឆ្លងចេញ-ចូល»

បន្ទាប់ពីត្រួតពិនិត្យកម្លាំឈរជើងរួចលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងក្បែរព្រំប្រទល់ខេត្តមណ្ឌលគិរី ដើម្បីសាងសង់ទីស្នាក់ការឱ្យកម្លាំងដែលកំពុងបំពេញភារកិច្ចមានកន្លែងស្នាក់នៅសមរម្យ៕