(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ចុះពិនិត្យការដ្ឋានជួសជុលស្ពានឈើដែលឆ្លងកាត់ស្ទឹងសៀមរាប ស្ថិតនៅខាងលិចប្រាសាទតាកែវ លើកំណាត់ផ្លូវវង់តូច ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ស្ពាននេះរងនូវការទ្រុឌទ្រោម ដោយកត្តាអាកាសធាតុ និងអាយុកាល បណ្តាលឲ្យសំណង់ប្រឈមនឹងហានិភ័យខ្ពស់ ទាមទារឱ្យមានការជួស ជុលជាបន្ទាន់។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមតាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ការជួសជុលស្ពានឈើនេះ ក្រុមការងារបានសុំយោបល់ និងអនុម័តយល់ព្រមពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

កំលុងពេលជួសជុលស្ពានឈើនេះ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានសម្រាប់ឆ្លងកាត់ជាបណ្តោះអាសន្ន និងសូមការអធ្យាស្រ័យចំពោះប្រជាពរដ្ឋ និងភ្ញៀវទេសចរ ចំពោះមានការរំខានក្នុងការធ្វើដំណើរអំឡុងពេលជួសជុល៕