(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងរួមគ្នាមួយ ដោយបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើរួមទាំងភ្នាក់ងារ និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតា នៅកម្ពុជា។

ជាមួយនឹងការដំណើរការនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋា ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់។

យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «អតិថិជនអាចដក និងដាក់សាច់ប្រាក់ពី គណនីរបស់ខ្លួន តាមរយៈម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់អតិថិជន និងសាធារណជន ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យ តាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ»

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួល ក្នុងការធ្វើដំណើរទៅបំពេញភារកិច្ចការងារ របស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃ ភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕