(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសារការី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលទទួលរងគ្រោះដោយសារបាតុភូតខ្យល់កន្រ្តាក់របើកដំបូល នៅឃុំឈូក នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរលោក សុខ លូ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសំដែងនូវការសោកស្ដាយ ចំពោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅពេលនេះ។

លោក សុខ លូ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សព្វថ្ងៃនេះអាកាសធាតុមានការប្រែប្រួល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។ លើសពីនេះទៀត សូមពុកម៉ែ បងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ «៣ការពារ ៣កុំ» និង២៖ ចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលរងគ្រោះទាំង១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកត្រី ១យួរ, តង១, ឃីដ ១បញ្ចប់ មី ១កេស និងថវិកា ២០ម៉ឺនរៀល៕