(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ដោយអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ យ៉េន គឹម រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាអ្នកបើកបររថយន្តដឹកម្ចាស់ទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរានទៅយកសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ និងអនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមេសា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ»។

ក្នុងសេចក្ដីសម្រេចនោះ បានបញ្ជាក់ថា ការបិទខ្ទប់ភូមិខាងលើ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១តទៅ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងកាឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅភូមិសាស្រ្ត ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕