(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសម្រេចបន្ថែមទីតាំង ចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ដូសទី២ ក្នុងខណ្ឌទួលគោក អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីពន្លឿនការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ដូសទី២ គណៈកម្មការចំពោះកិច្ច បានសម្រេចបន្ថែមទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌទួលគោក ចំនួនមួយទីតាំងទៀត គឺនៅមន្ទីរពេទ្យកុមារជាតិ ដែលចាប់បើកដំណើរការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ដូសទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

ចំពោះបុគ្គលដែលដល់វេនចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ដូសទី២ សូមអញ្ជើញទៅចាក់វ៉ាក់សាំងខាងលើ ក្នុងទីតាំងដែលខ្លួនកំពុងស្នាក់នៅ ដោយមិនត្រូវឆ្លងខណ្ឌជាដាច់ខាត។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានស្នើឲ្យអាជ្ញាធរមូលដ្ឋានស្រង់ឈ្មោះបុគ្គល ដែលត្រូវចាក់វ៉ាក់សាំងដូសទី២ ហើយកំពុងជាប់ចត្តាឡីស័កនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ផ្ញើមកគណៈកម្មការចំពោះកិច្ច តាមរយៈមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងដូសទី២ ជូនពួកគាត់៕