(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន នៅភូមិកំផ្លាក់ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក អ៊ុន ចាន់ដា បញ្ជាក់ថា ទីតាំងភូមិមួយនេះ នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងឡើងវិញ។

គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទើបរកឃើញកើតជំងឺកូវីដ ចំនួន៣នាក់នេះរួមមាន៖

* ទី១៖ ឈ្មោះ ឃាង សុខអេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ
* ទី២៖ ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាម្ដាយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
* ទី៣៖ ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ៕