(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់យោធិន និងគ្រួសារយោធិន នៅបុរី Grand Phnom Penh និងសាលាបឋមសិក្សាសិរីមង្គលគៀនឃ្លាំង។

សូមជម្រាបថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានប្រកាសពីទីតាំងសម្រាប់ចាក់សាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) លើកទី២ ជូនយោធិន និងគ្រួសារ នៅតាមបណ្តាខណ្ឌទាំង១៤ ជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់ការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគោការណ៍របស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានអំពាវនាវដល់មេបញ្ជាការបណ្ដាប្រភេទទ័ព ទ័ពជំនាញ បណ្ដាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងយោធិន និងគ្រួសារយោធិនទាំងអស់ ដែលត្រូវចាក់វ៉ាក់សាំងលើកទី២ និងជុំវិញភូមិសាស្ត្ររាធានីភ្នំពេញ ដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានរៀបចំទីតាំង និងក្រុមពេទ្យ ដើម្បីដំណើរចាក់វ៉ាក់សាំងលើកទី២ ជូនយោធិន និងគ្រួសារយោធិន នៅតាមបណ្តាទីតាំងក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងបណ្តាទីតាំងជុំវិញរាជធានីភ្នំពេញ តាមកម្មវិធីជាក់ស្តែង។

គិតមកដល់ថ្ងៃទី២២ ខែមេសាម្សិលមិញ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងកម្លាំងបានចំនួនសរុប ២៩៤,៥៤៣នាក់ ខណៈចាក់លើកទី២ បានចំនួន ១៧៦,៦៦៣នាក់៕