(ភ្នំពេញ)៖ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលជាអ្នករើសអេតចាយ នៅតំបន់បឹងទំពន់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ លោក ចាន់ សុភ័ក្ដ្រ អគ្គនាយកក្រុមហ៊ុន Angkor Green បានសហការជាមួយអាជ្ញាធរ សង្កាត់ ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ប្រមាណជាង៧០គ្រួសារ ដែលកំពុងតែជួបបញ្ហាខ្វះខាត ដោយសារតែមិនអាចចេញពីផ្ទះ និងប្រកបមុខរបរបានដូចមុន។

ក្នុងឱកាសនោះ លោក ចាន់ សុភ័ក្ដ្រ ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល បន្ដស្នាក់នៅផ្ទះ កុំចេញទៅណា ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យបានឆាប់ និងដើម្បីឲ្យប្រជាពលរដ្ឋ មានលទ្ធិភាពក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិតធម្មតាឡើងវិញ ដូចមុនព្រឹត្ដិការណ៍ សហគមន៍ ២០កុម្ភៈ។

គូសបញ្ជាក់ថា អំណោយដែលប្រគល់ជូន ប្រជាពលរដ្ឋជាង៧០គ្រួសារនោះ រួមមាន៖ ក្នុងមួយគ្រួសារ បានអង្ករ១០គីឡូក្រាម, ផ្អកសាច់ជ្រូកសុវត្ថិភាពកន្លះគីឡូក្រាម, សាច់ជ្រូកប្រឡាក់ ១គីឡូក្រាម និងថ្នាំប៉ាណាដុល ១បន្ទះ។ បើទោះបីអំណោយនេះ តិចតួចក្ដី ប៉ុន្ដែលោក ចាន់ សុភ័ក្ដ្រ គិតថាអាចជួយសម្រាលបន្ថែម ពីការជួយរបស់រាជរដ្ឋាភិបាល ហើយនេះក៏ជាទឹកចិត្ដរបស់ក្រុមហ៊ុនឯកជន សម្រាប់ជួយដល់ប្រជាពលរដ្ឋផងដែរ៕