(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត បង្ក្រាបនិងចាប់ខ្លួន នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងមណ្ឌលទី៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ Fresh Newsថា «ក្រោយពីកម្លាំងជំនាញ យើងស្រាវជ្រាវក្រោមបញ្ជា ផ្ទាល់ពីលោកស្នងការ ឧត្តមសេនីយ៍ អាត់ ខែម រហូតឈានដល់ចាប់ខ្លួនជនសង្ស័យ ហុង ដែន អាយុ២២ឆ្នាំ និងដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ទឹកកក) ចំនួន២៤កញ្ចប់ និងគ្រាប់កាំភ្លើង AK ចំនួន៤៤គ្រាប់។ ក្រោយពីសមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យ និងភស្តុតាងគ្រឿងញៀនបញ្ជូនសំណុំរឿង ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់»