(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនរឿងរត់ពន្ធជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ នឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា ផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់នោះ ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលក្រុងបាវិត ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសួរនាំ និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ដ នៅថ្ងៃទី២៣ ខែមេសានេះ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្ត ក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិន ចេញពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបង្ហើបបន្ថែមថា ជនសង្ស័យឈ្មោះ ស៊ុំ ពៅ ប្រើប្រាស់រថយន្តម៉ាក LEXUS 570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BL-8896 ចំណែកមេខ្យល់ឈ្មោះ ស៊ូ សុភា បើកបររថយន្តម៉ាកតូយ៉ូតា ហាយហ្រីតពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-4801 និង៤នាក់ទៀត២នាក់ ប្រើរថយន្តស៉ីរ៉ែន ស្លាកលេខខេមរភូមិន្ទ2-9170 និង២នាក់ទៀត ប្រើរថយន្តពាក់ស្លាកលេខភ្នំពេញ 2BK-0821។

ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនជិត៣០នាក់ ពីស្វាយរៀង ទៅរាជធានីភ្នំពេញ។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន៧នាក់ ពីខេត្តព្រះសីហនុ ទៅវៀតណាមផងដែរ ក្នុងនោះជនជាតិខ្មែរចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់៕