(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយា លោកស្រី ហេង សុខា បន្តឧបត្ថម្ភជាបន្តបន្ទាប់នូវថវិកា ស្បៀងអាហារ និងទឹកស្ព្រីងធម្មជាតិប្រូវីដា ជូនដល់អាជ្ញាធរ និងកងកម្លាំងប្រចាំការតាមគោលដៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។

ការឧបត្ថម្ភនេះ ជាការរួមចំណែកផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ដែលបានខិតខំព្យាយាមទាំងថ្ងៃទាំងយប់ ក្រោមភ្លៀងផ្គរក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធិភាពបំផុត ដើម្បីកាត់ផ្ដាច់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

ថវិកា ស្បៀងអាហារ និងទឹកបរិសុទ្ធនេះ ត្រូវបានលោកឧកញ៉ា និងភរិយា ឧបត្ថម្ភជូនដល់អាជ្ញាធរមាននាមដូចខាងក្រោម៖
១៖ លោក នួន ផារ័ត្ន អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ ទឹកស្ព្រីងធម្មជាតិប្រូវីដាចំនួន ៥០០កេស។
២៖ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ទឹកស្ព្រីងធម្មជាតិប្រូវីដាចំនួន ១៥០កេស។
៣៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អង្ករ ២ តោន
៤៖ អាជ្ញាធរខណ្ឌចំនួន០៤ និងសង្កាត់០១ ក្នុងរាជធានីភ្នំពេញរួមមាន៖ ខណ្ឌដូនពេញ អាហារ ៧០០កញ្ចប់, ខណ្ឌមានជ័យ អាហារ ៩០០កញ្ចប់ និងទឹកពិសាភ្នំជប ២០០យួរ, ខណ្ឌដង្កោ ថវិកា ៦៣៦ដុល្លារអាមេរិក, ខណ្ឌបឹងកេងកង អាហារ ៦៤៨កញ្ចប់ និងសង្កាត់បឹងកេងកងទី១ អាហារ ៥៤៨ប្រអប់ និងទឹកពិសាភ្នំជប ៤០យួរ។

ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានគូសបញ្ជាក់ថា សកម្មភាពសប្បុរសធម៌នេះ នឹងនៅតែបន្តផ្ដល់ជូនជាបន្តបន្ទាប់ទៀតទៅតាមស្ថានភាពជាក់ស្ដែង។ ឆ្លៀតក្នុងឱកាសនេះលោកឧកញ៉ា និងភរិយា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងអនុវត្ត «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីឱ្យស្ថានភាពប្រទេសកម្ពុជាឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

លោកឧកញ៉ា និងភរិយា បានសង្កត់ធ្ងន់ថា «នាំគ្នានៅផ្ទះ ដើម្បីឈ្នះកូវីដ»