(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានថ្លែងជំរុញ ដល់ក្រុមយុវជនរបស់ខ្លួន ចុះទៅធ្វើជំរឿនតាម មូលដ្ឋានទូទាំងខេត្ត ដើម្បីចង់ដឹងថា តើប្រជាពលរដ្ឋនៅសល់ប៉ុន្មាននាក់ទៀត ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀម និងបញ្ជូនក្រុមការងារចុះទៅធ្វើជូន ជាពិសេស ក្រុមយុវជនដែល មានអាយុត្រូវធ្វើ។

ការថ្លែងអំពាវនាវរបស់លោក សុ សុខា ខាងលើនេះ បានធ្វើនៅក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំខែ និងលើកទិសដៅបន្ត ក្រុមការងារ ស.ស.យ.ក.ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ។

លោក សែម គន្ធា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានប្រាប់ Fresh Newsថា «នៅចំពោះមុខក្រុមការងារ ទាំងអស់ លោកប្រធានបានផ្តោតទៅលើការធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលសម្រាប់ការបោះឆ្នោត និងសម្រាប់ការចូលរួមបោះឆ្នោត នាពេលខាងមុខ ដូច្នេះហើយលោកបានជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវចុះតាមមូលដ្ឋាន ជាបន្តបន្ទាប់ ធ្វើជំរឿនពីករណីនេះ ហើយនៅពេលដឹងពីចំនួនពេលនោះ នឹងមានក្រុមការងារនឹងចុះទៅធ្វើជូនពួកគាត់»។
បើតាមលោក សែម គន្ធា នៅក្នុងកិច្ចប្រជុំដដែលនេះលោក ស សុខា បានលើកឡើងនូវផែនការនៃការរៀបចំព្រឹត្តការណ៍ សំខាន់ៗមួយចំនួននាពេលខាងមុខ ដូចជានៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ នឹងមានកម្មវិធីការប្រគុំតន្ត្រីនៅតំបន់អ្នកលឿង ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិលើកទី១០៥។

លោក ស សុខា បានឧបត្ថម្ភថវិកាដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា តាមបណ្តាស្រុកចំនួន ២លានរៀលផងដែរ សម្រាប់ការរៀបចំកម្មវិធី ថ្ងៃចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ លោក ស សុខា នឹងរៀបចំការរត់ប្រណាំងម៉ារ៉ាតុងនៅថ្ងៃឧសភា ឆ្នាំ២០១៦ ព្រមទាំងការអញ្ជើញលោកគ្រូអ្នកគ្រូចំនួន២០០នាក់ និងក្រុមយុវជន៥០នាក់ទៅចូលរួមបោះជំរុំនៅខេត្តកែប នាពេលខាងមុខផងដែរ។ ក្រៅពីបញ្ហាទាំងនេះតំណាងរាស្រ្តវ័យជាង៣០រូបនេះ បានទទូចឲ្យក្រុមការងារទាំងអស់ត្រូវបង្កើន សកម្មភាពចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីក្តាប់នូវបញ្ហាប្រឈមនានាដែលកើតមានឡើង ងាយស្រួលធ្វើការដោះស្រាយ ភ្លាមៗជូនពួកគាត់៕