(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោកស្រី គឹម សុវណ្ណា សមាជិការដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាល និងជាប្រធានអនុសាខាសមាគមនារីខណ្ឌ លោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខាសមាគមនារីខណ្ឌ និងលោកកឹមណៃ វីរៈខេមរា អភិបាលរងខណ្ឌបឹងកេងកង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់បឹងកេងកងទី១ (៤៨គ្រួសារ) សង្កាត់បឹងកេងកងទី២ (៥០គ្រួសារ) និងសង្កាត់ទួលស្វាយព្រៃទី១ (១០០គ្រួសារ)។

លោកស្រី ស៊ុយ សែនសករាជ បានបញ្ជាក់ថា សកម្មភាពនេះ មិនមែនជាលើកទី១នោះទេ ដែលកន្លងមក សមាគមនារីខណ្ឌ បានចុះដោះស្រាយជូនប្រជាជន ដែលខ្វះខាតជាច្រើននៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនេះ ។

លោកស្រីបានឲ្យដឹងថា នេះគឺជាការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែក្រើនរំលឹកដល់មន្រ្តីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើក បញ្ហាជីវភាពរបស់ប្រជាជន ដោយមិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះ ឬស្លាប់ ដោយយើងមិនបានដឹង មិនបានដោះស្រាយនោះទេ។

លោកស្រីបានបន្តទៀតថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង បិទខ្ទប់រាជធានី ក្នុងការទប់ស្កាត់ បានទាន់ពេលវេលា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ហើយក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមាគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ខណ្ឌ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារ ដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា អំណោយដែលផ្ដល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ និងមី ០១កេស៕