(សៀមរាប)៖ ហាងនំបុ័ងមួយកន្លែងក្នុងក្រុងសៀមរាប បានផលិតនំបុ័ងខ្នាតយក្សមិនធ្លាប់មានពីមុនមក នាំឱ្យទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។ នំបុ័ងនេះមានប្រវែង ១ម៉ែត្រ ហើយមានទម្ងន់រហូតដល់ ៣គីឡូក្រាម។

លោក ថោង ប៊ុនថារី ម្ចាស់ហាងនំបុ័ងផ្សារលើ បានប្រាប់ Fresh News ថា គោលបំណងសំខាន់ៗដែលហាងរបស់លោកផលិតនំបុ័ងខ្នាតធំនេះឡើង គឺចង់ផ្សព្វផ្សាយពីសមត្ថភាពនៃហាងរបស់លោក ដែលអាចផលិតនំធំបែបនេះឡើង ដែលកន្លងមកធ្លាប់មានការនិយាយថា មិនអាចធ្វើបាន តែពេលនេះវាកើតឡើងពិតប្រាកដ។

យ៉ាងណា លោក ប៊ុនថារី អះអាងថា ការផលិតនំធំនេះមិនមែនចេះតែធ្វើៗនោះទេ គឺដោយសារហាងនំបុ័ងរបស់លោកមានបទពិសោធន៍តាំងកកើតពី១៩៨៩មកហើយលើវិស័យនំបុ័ងនេះ។ លោកបន្ថែមថា កន្លងមកហាងរបស់លោក ក៏ធ្លាប់ធ្វើក្ដិបនំបុ័ង ដែលមានអតិថិជនគាំទ្រជាខ្លាំង ដែលនេះកើតចេញពីសមត្ថភាពពិតប្រាកដនៃបទពិសោធន៍ហាងនំបុ័ងផ្សារលើ ដែលជាយីហោល្បីល្បាញក្នុងក្រុងសៀមរាប។

លោក ប៊ុនថារី ជម្រាបបន្ថែមពីការផលិតនំបុ័ងយក្សនេះថា «មកដល់ពេលនេះ យើងមានកាបញ្ជាទិញច្រើន រាប់ពាន់ដើមមកហើយ ដែលមានបងប្អូនគាំទ្រ តាំងពីអ្នកមានធនធាន និងមធ្យម បានចាប់អាមរ្មណ៍ ព្រោះថា វាប្លែក អស្ចារ្យ និងតម្លៃមិនស្ទាក់ស្ទើរទេ អាចទុកដាក់១០ថ្ងៃ ទុកដាក់ត្រឹមត្រូវ ហូបច្រើនថ្ងៃបាន។ ចំណុចពិសេសទី១ យើងផលិតតាមក្បួនខ្នាតបែបបុរាណ ដែលមានការទុកដាក់ ការធ្វើយកចិត្តតុកដាក់ ទាំងគ្រឿងផ្សំ ការដុត ធំអ៊ីចឹងដុតមិនស្រួលអាចស្រួយ អត់ឈ្ងុយ អត់ប្រេះ បើគ្មានជំនាញគ្រប់គ្រាន់តែ វះនំអត់ប្រេះ អ្វីពិសេសគឺការប្រើប្រាស់ក្លិនប័រនៃនំតែម្ដង ធ្វើឲ្យឈ្ងុយតែម្ដង»

លើសពីនេះ នំបុ័ងខ្នាតយក្សដែលមានប្រវែង១ម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ និងទម្ងន់ម្សៅចំនួន៣គីឡូក្រាមនេះ បានប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗដើម្បីទាក់ទាញអតិថិជនផងដែរ។ ក្នុងនោះរួមមាន ប័រ ល្ងខ្មៅ ធ្វើឲ្យនំឈ្ងុយប្លែក រីឯសាច់នំផ្អែមប្រៃ អាចញុំាលេង ឬដាក់ជាមួយសាច់ចៀនក៏បាន ហើយជាអាហារល្អសម្រាប់ក្រុមគ្រួសារដែលមានសមាជិក ៤ ទៅ៥នាក់ អាចពិសារបានរយៈពេលមួយសប្ដាហ៍ទៅ១០ថ្ងៃ តែត្រូវរក្សាវាឲ្យបានល្អផងដែរ។ នេះជាអាហារដែលសន្សំសំចៃ ក្នុងបរិបទជំងឺកូវីដ១៩នេះ៕