(កំពង់ឆ្នាំង)៖ ប្រពន្ធ កូន គ្រួសារ និងអ្នកភូមិទាំង៤៨នាក់ ពាក់ព័ន្ធនឹងសពឈ្មោះ នូ ចុល ដែលបានស្លាប់ដោយសារកូវីដ១៩ ទទួលបានលទ្ធផលតេស្តលើកទី១ «អវិជ្ជមាន» ទាំងអស់។ នេះបើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រង់ទិន្នន័យលទ្ធផលសំណាក មកប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមេសានេះ។

ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចុះទៅប្រមូលដឹកប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធនៅថ្ងៃបុណ្យសពរបស់ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់កាលពីវេលាម៉ោង ២៖០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីយកទៅធ្វើចត្តាឡីស័ក និងតេស្តសំណាក។ ការរៀបចំបុណ្យសព ដោយសារតែពួកគាត់មិនដឹងថា ឈ្មោះ នូ ចុល កើតកូវីដ១៩ឡើយ។

លុះព្រឹកឡើងវេលាម៉ោង ៨៖០០នាទីព្រឹក ក្រុមគ្រូពេទ្យក៏បានចុះ ទៅយកសំណាកសពជនរងគ្រោះ បញ្ជូនទៅធ្វើតេស្តនៅរាជធានីភ្នំពេញ ដោយឧបករណ៍តេស្តរហ័ស (Rapid Test) និងទទួលបានលទ្ធផលនៅវេលាម៉ោង ៤៖០០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលលទ្ធផលបានបញ្ជាក់ថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខ នៅភូមិព្រះរាមរង្សី បន្ទាប់ពីដឹងថា សពជនរងគ្រោះឈ្មោះ នូ ចុល មានជំងឺកូវីដ-១៩ អាជ្ញាធរបាត់សម្រេចបិទភូមិនេះ ជាបណ្តោះអាសន្ត ចាប់ពីព្រឹកថ្ងៃទី២០ ខែមេសាតទៅ។

ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមេសា ក៏បានសម្រេចបិទទីតាំង ៣កន្លែងទៀត ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះ មានដូចខាងក្រោម៖

១៖ មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង ស្ថិតនៅក្នុងភូមិផ្សារលើ សង្ការផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
២៖ វត្តទួលសទ្ធាសត្ថារាម ហៅវត្តភ្នំយោង ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៣៖ ផ្សារព្រៃខ្មែរ ស្ថិតនៅក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕