(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោកស្រី នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរទិវា ពិភពលោកទី១៥៨ កាកបាទក្រហម ៨ ឧសភា ២០២១។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

នៅក្នុងឱកាសខួបទី១៥៨ ទិវា៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអំពាវនាវដល់សម្តេច លោក លោកស្រី អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធនរបស់សង្គមជាតិយើងផងដែរ៕