(ភ្នំពេញ)៖ ទេយ្យទានដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តសន្សំកុសល នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

ព្រះញាណកោសល យឹម ចំរើន រាជាគណៈថ្នាក់ចត្វាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសន្សំកុសល ជំនួសមុខឲ្យព្រះសង្ឃ គណៈកម្មការអាចារ្យ សិស្ស និស្សិត ចម្រើនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រមទាំងចៅៗ ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ ជន្មាយុយឺនយូរ បញ្ញាញាណឈ្លាសវាងវៃ និងសម្រេចជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងសូមញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានរួចផុតពីរោគាពាធទាំងពួងសូមកុំភ្លេច អនុវត្តន៍៣ការពារ និង៣កុំ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម។

តាមរយៈសារសំឡេងផ្ញើជូនប្រជាពលរដ្ឋខ្មែរនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ មិនមានអ្នកទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចនិមន្តបិណ្ឌបាត្របាននោះឡើយ ដែលអាចនាំឱ្យព្រះសង្ឃដាច់ចង្ហាន់៕