(ភ្នំពេញ)៖ លោក ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ មួយចំនួនធំ ប្រគល់ជូនអ្នកដែលកំពុងតែបំពេញការងារប្រឆាំងនឹងជំងឺកូវីដ១៩ នៅជួរមុខ ដែលមានលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានអ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ (COVID-19)។

លោក ឌី វិជ្ជា ក្នុងនាមប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីជ១៩ Covid-19 បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ ជែលលាងដៃ និងមី ដល់អនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ រួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ នៅកម្ពុជា។

លោក ឌី វិជ្ជា ក៏បានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់
សូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អំណោយដែលអនុគណៈកម្មការស្រាវជ្រាវ និងតាមដានអ្នកសង្ស័យផ្ទុកជំងឺកូវីដ-១៩ ទទួលបានរួមមាន៖ ជែលលាងដៃចំនួន ២០កេស ស្មើនឹង ៤៨០ដប, ទឹកបរិសុទ្ធ អារុណា ១០០០កេស, មីម៉ាម៉ាចំនួន ១២០កេសតូច ដើម្បីចាត់ចែងប្រើប្រាស់បន្ត ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ រួមទាំងព្រឹត្តការណ៍ ២០កុម្ភៈ៕