(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារថ្លែងអំណរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងយកចិត្តទុកដាក់ថែរក្សាចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ។

សារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារលិខិតមួយជូនសម្តេច កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសួរសុខទុក្ខ និងចែករំលែកផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិត ប្រទេសកម្ពុជា -វៀតណាម ក៏ដូចជាសហគមន៍អន្តរជាតិ កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយសារជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្កវិបត្តិយ៉ាង ធំធេងចំពោះសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច។

សម្តេចបានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចបានបន្ថែមថា នៅកម្ពុជា ទោះបីជាយើងបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានស្ទើរពេញមួយឆ្នាំ២០២០ ក៏សង្គ្រាមប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ កំពុងវិវត្តន៍មកដល់ដំណាក់កាលថ្មីដែលស្មុគស្មាញ ជាពិសេសក្រោយការផ្ទុះ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ហើយថា បច្ចុប្បន្នក្រសួងសុខាភិបាល រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលជំងឺកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

សម្តេចសូមជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា-វៀតណាម កាន់តែរីកចម្រើនរឹងមាំជាលំដាប់៕