(កែប)៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់នេះថា កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ (ស្រី៥នាក់) និងខ្មែរម្នាក់ ដែលបានលួចរត់គេចខ្លួនចេញពីខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប គោលបំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្តកែប បានបញ្ជាក់ធ្ងន់ៗថា ជនជាតិវៀតណាមចំនួន៧នាក់ និងខ្មែរម្នាក់ នឹងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមច្បាប់ ពីបទបំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកអភិបាល បានរៀបរាប់យ៉ាងដូច្នេះថា «កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប (កំពង់នង់) លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់ (ស្រី០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែបតាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម»

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ៕