(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣,០០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

អំណោយនេះ ត្រូវបានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ព្រមទាំងមន្ដ្រីមូលដ្ឋាន យកទៅប្រគល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។

លោក ហួត ហៃ បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួរ និងទឹកស៉ីអ៉ីវ១យួរផងដែរ។

លោកបានបន្ដថា សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាតមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកសូមឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេចបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ៕