(ភ្នំពេញ)៖ ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រុងទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចុះវិធានការសំខាន់ៗមួយចំនួន ទាំងវិធានការច្បាប់ សុខាភិបាល និងសេដ្ឋកិច្ចសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។ វាជាវិធានការដែលប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានអបអរសាទរ និងចូលរួមអនុវត្តដើម្បីរួមធ្លុងសាមគ្គីតែមួយជាមួយរាជរដ្ឋាភិបាល ឈានទៅ គ្រប់គ្រងបានទាំងស្រុងនូវការឆ្លងរីករាលដាលនិងការបិទបញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែក្រុមមន្ត្រីសិទ្ធិមនុស្ស រួមនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលតាមស៊ីពែបរទេសមួយចំនួន បាននិងកំពុងព្យាយាមបង្អាក់ការជួយសង្គ្រោះជីវិតមនុស្សរបស់កម្ពុជាក្រោមលេសសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យដែលពួកគេតែងតែប្រើប្រាស់ដើម្បីសម្លាប់មនុស្ស និងបំផ្លាញប្រទេសមួយ។

ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សមួយចំនួនមានទាំងអ្នកជំនាញការ មានទាំងអង្គការអន្តរជាតិមួយចំនួន ដូចជាអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមិនហ៊ានរិះគន់ពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសខ្លួន បានហៅវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់រាជធានី ភ្នំពេញនិងក្រុងតាខ្មៅដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថា ជាវិធានការផ្តាច់ការ និងលើកឡើងថាការ អនុវត្តច្បាប់ប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាការពង្រឹង«អំណាចផ្តាច់ការ» និងបង្កមហន្តរាយធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះត្រូវបានជួយបន្ទរបន្ថែមដោយក្រុមអង្គការនៅ ក្នុងស្រុកមួយចំនួនដែលក្នុងនោះ ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានព្យាយាមក្នុងការនិយាយ យកចិត្តជនបរទេសនិងពុលទឹកមាត់ក្នុងពាក្យសិទ្ធិមនុស្ស ហើយបុគ្គលម្នាក់នេះមិនបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋជាធំ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។

ក្រុមអ្នកតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សទាំងនេះបានត្រឹមតែទ្រឹស្តីប៉ុណ្ណោះ តែសកម្មភាពចាក់ស្តែង ក្រុមនេះបានត្រឹមនិយាយឱ្យពីរោះ និងទ្រឹស្តីហៀរកែង ហើយពេលខ្លះមិនបានយល់អ្វីដែលខ្លួននិយាយពី ពាក្យ «សិទ្ធិមនុស្ស»ឱ្យពិតប្រាកដផង។ ចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំនៃ បណ្តាប្រទេសនានានៅលើពិភពលោករួមទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានចាត់វិធានការចាំបាច់ នានាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺនិងស្លាប់បាត់បង់ដោយសារតែជំងឺកូវីដ-១៩ដែលមិន ទាន់មានថ្នាំព្យាបាលនៅឡើយនេះ។ បណ្តាប្រទេសទាំងនោះ បានសម្រេចបិទខ្ទប់ប្រទេសរបស់ខ្លួនដែល មានរយៈពេលយូរ ដើម្បីលុបបំបាត់ការឆ្លងរីករាលដាលក្នុងចង្កោមធំដែលអាចបង្កមហន្តរាយស្លាប់ប្រជាពលរដ្ឋ ពោលគឺធ្វើយ៉ាងណាគ្រប់គ្រងឱ្យខាងតែបាននូវការឆ្លងជំងឺកូវីដ-១៩។

ចំណែករាជរដ្ឋាភិបាលកម្ពុជា ដែលបានការពារប្រទេសនិងប្រជាជនរបស់ខ្លួនពីការឆ្លងរីករាលជំងឺកូវីដ-១៩ក្នុងសហគមន៍បានយ៉ាងល្អរយៈពេលជាងមួយឆ្នាំ បានសម្រេចចិត្តក្នុងការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ និងអនុវត្តវិធានការច្បាប់ និងសុខាភិបាលនានាដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋខ្លួន។ វិធានការដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកនិងអនុវត្ត ដូចគ្នានឹងការអនុវត្តនៅតាមបណ្តាប្រទេសនានា ដូចនឹងប្រទេសម្ចាស់ជំនួយរបស់ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងរិះគន់វិធានការរាជរដ្ឋាភិបាលពេលនេះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ និងទាញកម្ពុជាពីជ្រោះមរណៈនៃមហន្តរាយជំងឺកូវីដ-១៩ ហេតុអ្វីបានជាក្រុមតាំងខ្លួនជាជើងឯកសិទ្ធិមនុស្សចាត់ទុកថា រំលោភសិទ្ធិមនុស្សនិងថាជាការអនុវត្តច្បាប់ឆ្ពោះទៅរកភាពផ្តាច់ការទៅវិញ?

អ្វីដែលជាវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់យករួមទាំងការសម្រេចបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរាប់ទាំងក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាដែលកំពុងពុលទឹកមាត់នឹងពាក្យសិទ្ធិមនុស្ស និងស៊ីជោរនឹងពាក្យបញ្ជោររបស់បរទេស ថាជាជើងឯកសិទ្ធិមនុស្សផងដែរ។
នេះគឺជាការការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋម្នាក់ដែលជាការការពារនិងគោរពសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលរបស់ អង្គការសហប្រជាជាតិ និងស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា សម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ មិនបានបិទប្រទេសទាំងមូលនោះឡើយ ហើយទើបតែមានរយៈពេលមិនទាន់មួយសប្តាហ៍ផងទេ ចុះហេតុអ្វីបានជាក្រុមមន្ត្រីជំនាញសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសង្គមស៊ីវិលនៅក្នុងស្រុករួមនឹងក្រុមជ្រុលនិយមនៅក្រៅ ស្រុកនាំគ្នាឃោសនាបំភ្លៃការពិតថាជាវិធានការផ្តាច់ការទៅវិញ?

ចុះប្រទេសមួយចំនួនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងប្រកាសបិទប្រទេសរាប់ រយថ្ងៃដូចជាសសហរដ្ឋអាមេរិកបិទតាមរដ្ឋមួយចំនួនដែលខ្លះរហូតដល់ជាង ១០០ ថ្ងៃ បារាំងបិទ៣លើកមានរយៈពេល ១៣០ថ្ងៃ អាល្លឺម៉ងបិទ២ដងរយៈពេល ២១៨ថ្ងៃ អ៉ីតាលីបិទខ្ទប់ប្រទេស ៣ដងមានរយៈពេល ១២៩ ថ្ងៃ សិង្ហបុរីបិទខ្ទប់ប្រទេសម្តងរយៈពេល ៥៥ ថ្ងៃ ហើយរហូតមកទល់ពេលនេះប្រទេសមួយចំនួនបន្តបិទខ្ទប់ទៀត ដូច្នេះ មេដឹកនាំនៃបណ្តាប្រទេសដែលបិទខ្ទប់ទាំងនេះ កំពុងអនុវត្តច្បាប់និងវិធានការប្រឆាំងកូវីដ១៩ ដើម្បីពង្រឹងអំណាចផ្តាច់ការដែរហើយ។ អ្វីដែលរដ្ឋាភិបាលកម្ពុជាអនុវត្តគឺដើម្បីសង្គ្រោះជីវិតប្រជាពល រដ្ឋ ហើយវិធានការនេះក៏បាននិងកំពុងជួយការពារជីវិតក្រុមតាំងខ្លួនជាជើងឯកសិទ្ធិមនុស្ស និងក្រុមពុលទឹកមាត់នឹងពាក្យសិទ្ធិមនុស្ស ព្រមទាំងក្រុមគ្រួសារសាច់ញាតិរបស់ខ្លួនឱ្យរស់រានមានជីវិតបន្តទៀតដែរ។

ប្រសិនបើគ្មានអាយុជីវិតទេ សូមអ្នកកុំនិយាយពីសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ ហើយបើក្រុម តាំងខ្លួនជើងឯកផ្នែកសិទ្ធិមនុស្សឆ្លង និងស្លាប់ដោយសារតែជំងឺកូវីដ-១៩ ក៏នឹងគ្មានឱកាសមកបន្តរិះគន់វិធានការការពារអាយុជីវិតពលរដ្ឋរបស់រាជរដ្ឋាភិបាលឡើយ។ បទពិសោធនៃប្រទេសចៅហ្វាយនាយរបស់ ក្រុមតាំងខ្លួនជើងឯកសិទ្ធិមនុស្សនេះបង្ហាញច្បាស់ស្លាប់គរជើងគ្នា និងឆ្លងរាប់សែននាក់ក្នុងមួយថ្ងៃ និង ស្លាប់រាប់ពាន់ម៉ឺននាក់ក្នុងមួយថ្ងៃ។ តើពួកគេបានលើកឡើងពីសិទ្ធិមនុស្សនៅប្រទេសទាំងនោះទេ? គ្មាន!

នៅពេលនេះ ប្រជាពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ពីគោលបំណងនិងសកម្មភាពពិតប្រាកដរបស់ ក្រុមសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលទទួលការគាំទ្រថវិកាពីបរទេសគឺពួកគេមិន បម្រើផលប្រយោជន៍ប្រជាជនកម្ពុជាពិតប្រាកដឡើយ។ ពួកគេដាច់ខាតនៅតែបម្រើគោលនយោបាយទុច្ច រិត និងតែងតែយកជើងរាទឹកលើវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីការ ឆ្លងជំងឺកូវីដ-១៩។ នៅពេលពលរដ្ឋខ្មែរប្រឈមមុខនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវ ក្រុមជនតាំងខ្លួនជាជើងឯកសិទ្ធិមនុស្ស និងស្រឡាញ់ប្រជាជនខ្មែរតែលើបបូរមាត់នេះ មិនបានធ្វើអ្វីជាប្រយោជន៍ និងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងរាតត្បាតនេះឡើយ សូម្បីតែជួយផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីជំងឺនេះក៏មិនបានធ្វើដែរ។

តែពួកគេបែរជាបន្តអនុវត្តផែនការទុច្ចរិតរបស់ពួកគេក្នុងការបំពុល សង្គម ញុះញង់ប្រជាពលរដ្ឋថាគ្មានអ្នកកើតជំងឺកូវីដ និងញុះញង់កុំឱ្យចាក់វ៉ាក់សាំងជាដើម ព្រមទាំងទាម
ទារឱ្យគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ដែលពួកគេចាត់ទុកថាជាការសំខាន់ជាងសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិ ហើយបំភ្លៃវិធានការ រាជរដ្ឋាភិបាលការពារអាយុជីវិតប្រជាពលរដ្ឋថាជាដំណើរឆ្ពោះទៅរកភាពផ្តាច់ការទៅវិញ។

នេះគឺជាចរិតពិតនៃក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដែលទទួលការគាំទ្រថវិកាពីបរទេស មួយចំនួននៅកម្ពុជា! ពួកគេមិនមែនជាអ្នកជួយខ្មែរពិតឡើយ តែគ្រាន់តែជាតួសម្តែងក្នុងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយក៏គ្មានបេះដូងជាខ្មែរដែរ។ នៅពេលដែលពលរដ្ឋខ្មែររាប់លាននាក់កំពុងរង គ្រោះពីជំងឺកូវីដ-១៩ រដ្ឋាភិបាលជាប់ដៃក្នុងការចាត់វិធានការការពារអាយុជីវិតប្រជាពលរដ្ឋ ពួកគេបែរជា បន្តបង្អាក់វិធានការ និងឆ្លៀតកេងចំណេញនយោបាយ និងបន្តអនុវត្តផែនការចាស់របស់ពួកគេ ឃុបឃិតជាមួយបរទេសដើម្បីឃោសនាសម្អុយកេរ្តិ៍ឈ្មោះខ្មែរ និងបដិសេធការជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរពីការរីករាលដាល នៃជំងឺកូវីដ-១៩៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១