(បន្ទាយមានជ័យ)៖​ លោក​ អ៊ុ​ សុផល​ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ ថាកម្លាំងល្បាតរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ដែលជាមុខសញ្ញា ចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅវេលាម៉ោង១០៖២០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅក្នុងមណ្ឌល៦ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឈុន​ គឹមសាន្ត អាយុ២៨ឆ្នាំ សមត្ថកិច្ចឆែកឆេរដកហូតបានថ្នាំញៀន មេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន៣ថង់តូច​ និងឈោ្មះ​ ផុន ហៃ អាយុ១៩ឆ្នាំ ដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន២ថង់តូច​។​

លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ថ្នាំញៀនខាងលើ ត្រូវបានកម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅ តុលាការខេត្តដើម្បីចាត់ការបន្ត៕