(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តកំពង់ចាមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាថវិកា និងសម្ភារពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

អំណោយដែលបានប្រគល់ជូនគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមមានដូចជា៖ ថវិកា ៣,០០០ដុល្លារ និង២លានរៀល, អាល់កុល ៣កាន, មី ៤កេសធំ និង ៣០កេសតូច, ម៉ាស ២៥០ប្រអប់, ទឹកបរិសុទ្ធ ២៨០កេស និង៥០០យួរ និងទឹកក្រូច ៣០កេស។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នានាំអំណោយដ៏ថ្លៃថ្លាទាំងនេះយកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ជំងឺកូវីដ១៩ សំរាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ចាម មានអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្ត។ ករណីឆ្លងថ្មីគ្មាន និងជាសះស្បើយ២នាក់។ មានករណីលាប់ ២នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ករណីយកសំណាក ៨៦ករណី (រលាកផ្លូវដង្ហើម៥ករណី) ចំនួនយកសំណាកសរុប ៨,៦១៩ករណី (រលាកផ្លូវដង្ហើម ១៤៥២ករណី)។

ចំណែកអ្នកកំពុងធ្វើចត្តាឡឺស័កសរុប ៧០៧នាក់ (ស្រី ៣១៩នាក់) នៅសាលាគរុកោសល្យ ៣៥២នាក់ (ស្រី១៤៣នាក់) នៅមន្ទីរពេទ្យស្រីសន្ធរ ៥៤នាក់ (ស្រី២៤នាក់) និងនៅតាមផ្ទះ ៣០១នាក់(ស្រី១៥១នាក់)៕