(ព្រៃវែង)៖ លោក អ៊ី សុខឃី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានក្រុមការងារថ្នាក់ ជាតិចុះស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ចំនួន៩លាន២០ម៉ឺនរៀល សម្រាប់៤៦គ្រួសារដល់ផ្ទាល់ដៃនៅតាមខ្នងផ្ទះ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ថវិកាមូលនិធិរបស់សម្តេចក្រឡាហោម ស ខេង ដែលត្រូវប្រគល់ជូននាថ្ងៃនេះ រួមមាន ស្ត្រីសម្រាលកូនចំនួន៣៣នាក់ និងគ្រួសារដែលមាន សមាជិក មរណភាពចំនួន ១៣គ្រួសារ។

បន្ទាប់ពីបានផ្តល់មូលនិធិសម្តេចក្រឡាហោមរួចលោក អ៊ី សុខឃី និងលោក ឌុច សុគន្ធា អភិបាលស្រុកស្វាយអន្ទរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាត គណៈ កម្មាធិការកណ្តាលលើកទី៣៩ និងខ្លឹមសារឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ របស់គណបក្សប្រជាជនផងដែរ ដែលមានសមាជិកចូលរួម៥៥០នាក់។

នៅក្នុងឱកាសនោះ លោកបានឧបត្ថម្ភ និងចំណាយផ្សេងៗ សរុបថវិកា២ លាន២០ម៉ឺនរៀលជូនដល់ ក្រុមប្រឹក្សាឃុំ៤នាក់ ម្នាក់ៗ១០ម៉ឺនរៀល មេឃុំពានរោង១០ ម៉ឺនរៀល មេបក្សឃុំពានរោង១០ម៉ឺនរៀល នគរបាលប៉ុស្តិ៍ឃុំពានរោង១០ម៉ឺនរៀល និង នាយកសាលាទាំង៣ នៃឃុំពានរោង ថវិកាម្នាក់ៗ ១០ម៉ឺនរៀល ថវិកាសរុប ៣០ម៉ឺនរៀល។

លោកក៏បានរៀបចំប្រព័ន្ធអគ្គិសនី ចូលក្នុងស្នាក់ការ បក្សប្រជាជនឃុំពានរោងថវិកាសរុប៤០ម៉ឺនរៀល ព្រមទាំង ចំណាយផ្សេងៗ ក្នុងការប្រារព្ធពិធី៨០ ម៉ឺនរៀលផងដែរដែល សរុបថវិកាទាំង អស់ចំនួន១១.៤០០.០០០រៀល។

នៅចំពោះសមាជិក សមាជិការបស់ខ្លួន ដែលមកចូលរួម ប្រជុំនោះលោក អ៊ី សុខឃី ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ គណបក្សប្រជាជនលោកបានណែនាំ ដល់ក្រុមការងារទាំងអស់ត្រូវបង្កើនការងារកាន់តែ ខ្លាំងឡើង ចុះតាមមូលដ្ឋាន ដើម្បីក្តាប់នូវបញ្ហាប្រឈមក៏ដូចជាកង្វល់នានា ដែលប្រជាពលរដ្ឋ ជួបប្រទះ ហើយរាយការណ៍ភ្លាមៗដល់ថ្នាក់ដឹកនាំចុះមកដោះស្រាយ ជាក់ស្តែងតែម្តង៕