(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៨៖០០នាទីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ Facebook របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកើនឡើងរហូតដល់ជាង ៣លានហើយ ដែលនេះអាចបង្ហាញបានថា ប្រជាប្រីយភាពសម្តេចតេជោ ហ៊ុន សែន ពេលនេះកំពុងមានសន្ទុះកើនឡើងដោយសារតែភាពសាមញ្ញ ច្បាស់លាស់ និងហ្មឺងម៉ាត់របស់សម្តេចក្នុងការដឹកនាំប្រទេស។

ការគាំទ្រកាន់តែកើនខ្លាំងឡើងៗពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានឃើញជាក់ស្តែងក្នុងពេល សម្តេចបំពេញទស្សនៈកិច្ចនៅបារាំង និងអាមេរិកកន្លងមកនេះ។ សម្តេចតេជោ គឺជាមេដឹកនាំដ៏ក្លាហាន ហ៊ានលះបង់ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ។ សម្តេចតេជោ គឺជាមេដឹកនាំគម្រូដែលបាន និងកំពុងកសាងកម្ពុជាឆ្ពោះទៅមុខជានិច្ច។

ចាប់តាំងពី សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញ Facebook ផ្លូវការកាលពីពាក់កណ្តាលខែ កញ្ញា ២០១៥ កន្លងទៅនេះ គឺពលរដ្ឋកម្ពុជា ជាពិសេសយុវជនកាន់តែមានភាពជិតស្និទ្ធ និងទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសម្តេចតេជោ។ Facebook សម្តេចតេជោ គឺបានផ្តល់នូវដំណោះស្រាយល្អៗជាច្រើនដល់ប្រទេសជាតិ។ ប្រជាពលរដ្ឋសប្បាយចិត្ត និងពេញចិត្តចំពោះចំណាត់ការដ៏ត្រឹមត្រូវ របស់សម្តេចកន្លងមក ដែលលើកតម្កើងផលប្រយោជន៍សង្គមជាតិជាធំ។ ពេលនេះប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែមានឱកាសគ្រប់យ៉ាង ក្នុងការអភិវឌ្ឍន៌សង្គមគ្រួសារអោយកាន់ តែរីកចម្រើនទៅមុខ។

ចំពោះរាល់សកម្មភាព និងពាក្យពេចន៍ សម្តេចតេជោ ក្នុង Facebook គឺផ្តល់នូវការអប់រំ ដាស់តឿន ជំរុញ លើកទឹកចិត្តដល់ពលរដ្ឋ និងយុវជនអោយធ្វើអំពើល្អ គោរពច្បាប់ និងចូលរួមកសាងសង្គមជាតិអោយរីកចម្រើន។ ហើយកាលពីពេលថ្មីៗនេះទៀត សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសណែ នាំឲ្យគ្រប់ក្រសួងមន្ទីរ ខេត្ត ក្រុងនានា រៀបចំមន្រ្តីក្រុមការងារតាមដានពិនិត្យរាល់នូវសំណូមពរ ពាក្យបណ្តឹង និងសុខទុក្ខរបស់ពលរដ្ឋក្នុង Facebook សម្តេចតេជោ ដើម្បីផ្តល់នូវដំណោះស្រាយអោយបានលឿន និងមានប្រសិទ្ឋិភាពជូនពលរដ្ឋ ទៅតាមការជឿនលឿននៃបច្ចេកវិទ្យា (E-Government) ដែលនឹងកាត់បន្ថយអំពើពុករលួយ អយុត្តិធម៌ និងភាពអសកម្មនៃការងារជាដើម។

ចំនួន LIKES ដែលបានកើនឡើង ៣លានថ្ងៃនេះ គឺបង្ហាញអោយឃើញថា ពលរដ្ឋកម្ពុជាត្រូវការសម្តេចតេជោ ហ៊ុន សែន ត្រូវការសន្តិភាព ត្រូវការការអភិវឌ្ឍន៍ និងរីកចម្រើន គឺពលរដ្ឋកម្ពុជាត្រូវការសម្តេចតេជោ បន្តដឹកនាំកសាងកម្ពុជាឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត៕