(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានសម្រេចជ្រើសយកអគារទីស្តីការក្រសួងទេសចរណ៍ ធ្វើជាទីតាំងមួយក្នុងចំណោមទីតាំងទាំង ៤ នៃខណ្ឌ៧មករា សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលរស់នៅក្នុងខណ្ឌ៧មករានេះ ដែលមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដូច្នេះប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលរស់នៅក្នុងខណ្ឌ៧មករា អាចទៅទទួលការចាក់វ៉ាក់សាំង Sinovac ដូសទី២បាន។

ការជូនដំណឹងរបស់ក្រសួងទេសរណ៍ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីជូនដំណឹងរបស់ គ.វ.ក-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្នុងនោះ គ.វ.ក-១៩ ក៏បានជ្រើសរើសយកយកអគារទីស្តីការក្រសួងទេសចរណ៍ ធ្វើជាទីតាំងមួយក្នុងចំណោមទីតាំងទាំង ៤ នៃខណ្ឌ៧មករា សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌនេះផងដែរ។

ក្រសួងទេសចរណ៍បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ គ.វ.ក-១៩ និងរដ្ឋអំណាចមូលដ្ឋាន ដើម្បីសម្របសម្រួលក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីពីរនេះឲ្យបានរលូន និងទទួលបានជោគជ័យ។

ដោយឡែក ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងដូសទី១ នៅទីស្តីការក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ គឺត្រូវបានផ្លាស់ប្តូរទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដោយត្រូវទៅចាក់នៅតាមគោលដៅខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ ដែលខ្លួនកំពុងរស់នៅ តាមពេលវេលា និងទីកន្លែងដូចមានកំណត់ក្នុងឧបសម្ព័ន្ធទី១ និងទី២ នៃសេចក្តីជូនដំណឹងរបស់ គ.វ.ក-១៩ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ចំពោះអ្នកនៅតាមបណ្តាខេត្ត ក៏ត្រូវទំនាក់ទំនងរដ្ឋបាលមូលដ្ឋាននៅទីនោះ ដើម្បីទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមកាលកំណត់ (មិនឱ្យហួសពី២៨ថ្ងៃ បន្ទាប់ពីចាក់ដូសទី១)។

ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសទី២នេះ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដូសទី១ (ប័ណ្ណពណ៌ខៀវ) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ក្នុងករណីមិនបានយកមកជាមួយនូវប័ណ្ណ និងឯកសារទាំងនេះ គឺអាចបង្ហាញឯកសារទាំងនេះតាមប្រព័ន្ធអេឡិចត្រូនិកបាន៕