(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យចំនួន ៦នាក់ទៅតុលាការ ដែលពាក់ព័ន្ធនឹងករណី លួច ឆក់ ឆបោក និងក្លែងឯកសារសារធារណៈ។

ជាក់ស្តែង៖
* ជនសង្ស័យទី១ ឈ្នោះ ប៊ុត ចាន់វីរៈ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារឆបោក ទៅលើក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុមួយ បណ្តាលឲ្យខាតបង់ទឹកប្រាក់ចំនួន ២៩៣,៣៦៩ ដុល្លារសហរដ្ឋអាមេរិក។

* ជនសង្ស័យទី២ ឈ្មោះ ហ៊ូ សុធា និងជនសង្ស័យទី៣ឈ្មោះ អឿន មករា ហៅ ញាញ់ ត្រូវបានអាវុធហត្ថខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ដែលកំពុងលក់ដូរនៅមុខផ្ទះ ភ្លាមនោះសមត្ថកិច្ចអាវុធហត្ថខណ្ឌឫស្សីកែវ ដែលកំពុងដេញតាមពីក្រោយធ្វើការឃាត់ខ្លួនបានភ្លាមៗនៅហ្នឹងកន្លែង។

* ជនសង្ស័យទី៤ឈ្មោះ ស៊ន់ វ័រ និងជនសង្ស័យទី៥ឈ្មោះ វុធ ម៉ាប់ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ពាក់ព័ន្ធនឹងករណីឆក់កាបូប កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ទៅលើជនរងគ្រោះជនជាតិចិនពីនាក់ ប្រុសម្នាក់ ស្រីម្នាក់ កំពុងដើរតាមផ្លូវនៅចំណុចផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជិះគេចខ្លួនត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែង។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពឆក់សិស្សនៅម្តុំវិទ្យាល័យព្រះស៊ីសុវតិ្ថ ចំនួន០៤ដងមកហើយ ទើបតែលើកទី៥នេះ ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញចាប់ឃាត់ខ្លួនបាន។

* ជនសង្ស័យទី៦ឈ្មោះ ធួន ច័ន្ទសំណាង ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីកាច់សោរកម៉ូតូ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុងស្ថានីយប្រេងឥន្ធនៈតេលា ឃុំដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ទឹក ហើយចូលបត់ជើង ពេលនោះជនសង្ស័យបានប្រើដែកកាច់កអក្សរតេ លួចម៉ូតូនោះ ជិះចេញបាត់តែម្តង។ លុះនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន៕