(ពោធិ៍សាត់)៖ កម្លាំងជំនាញនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាពប្លន់នៅទឹកដីខេត្តបាត់ដំបង ហើយទៅលាក់ខ្លួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការបង្ក្រាបមុខសញ្ញាប្លន់ម្នាក់នេះ បានធ្វើនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកអធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនតាមដីកានោះ មានឈ្មោះ កូវ (ហៅ រក្ស) អាយុ ៤៧ឆ្នាំ រស់នៅភូមិកោះធំ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ការចាប់ខ្លួនជននេះ ត្រូវបានអនុវត្តតាមដីការបស់សាលាដំបូងខេត្តបាត់ដំបង ពីបទល្មើសលួចដោយហិង្សា (ប្លន់) ដែលប្រព្រឹត្តទៅនៅភូមិបឹងប្រិយមានជ័យ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ។

លោកអធិការនគរបាលស្រុកវាលវែងបានបន្តថា ក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាវទើបដឹងថា ជនល្មើសរូបនេះបាននឹងកំពុងសម្ងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រខាងលើនេះ។ លោកថា ជនសង្ស័យម្នាក់នេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តបាត់ដំបង នាំខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕